រព្យាបាល ការថែទាំ និងការរស់នៅជាមួយមេរោគអេដស៍



តើបុគ្គលម្នាក់ដែលរស់នៅជាមួយមេរោគអេដស៍ និងជំងឺអេដស៍ គ្រាន់តែរស់នៅរង់ចាំថ្ងៃស្លាប់ឬ?
ទេ! អ្នករស់នៅជាមួយមេរោគអេដស៍ និងជំងឺអេដស៍​ដែលជា​មនុស្ស​សកម្ម​ជាមួយ​នឹងសកម្មភាពសង្គមប្រហែលជាជួបការលំបាកខ្លះ ប៉ុន្តែពួកគាត់មិន​គួរត្រូវ​បាន​ចាត់ទុថាកជា អ្នកជំងឺ ឬ មនុស្សឈឺទេ។
ប្រសិនបើបុគ្គលម្នាក់មានផ្ទុកមេរោគអេដស៍ តើគាត់គួរ​ធ្វើ​អ្វីខ្លះ ដើម្បី​ថែរក្សា​សុខភាព​របស់គាត់?
ការដឹងថាមនុស្សម្នាក់មានផ្ទុកមេរោគអេដស៍ពិតជាសំខាន់ខ្លាំងណាស់ក្នុងការថែទាំសុខភាពរបស់គាត់  ដៃគូ និងកូនៗ​របស់​គាត់។ យើងត្រូវចងចាំថាមនុស្ស​ម្នាក់អាច​រស់​នៅ​ប្រកបដោយសុខភាពល្អបានលុះត្រាតែ​ពួកគេ​ចេះថែរក្សាសុខភាព ហើយទាំងនេះ​អាច​ធ្វើទៅបានតាមរយៈការស្វែងរកបណ្តាញ​គាំទ្រក្នុង​ការផ្តល់កម្លាំងចិត្ត ក៏ដូចជា​ការ​ផ្តល់​​ព័ត៌មាន​ពី​អាហារូបត្ថម្ភ ការព្យាបាល និងវិធីសាស្រ្តក្នុង​ការ​រស់​នៅ​ដោយ​សុខភាព​ល្អ។
ហេតុអ្វីបានជាអាហារូបត្ថម្ភមានសារៈសំខាន់ខ្លាំងក្នុងការថែទាំសុខភាពរបស់​អ្នកផ្ទុកមេរោគអេដស៍?
នៅពេលដែលមេរោគអេដស៍វិវត្តន៍នៅក្នុងខ្លួនរបស់មនុស្ស ដងខ្លួន​របស់គាត់ភាគ​ច្រើនចាប់ផ្តើមចុះទម្ងន់។ មេរោគអេដស៍បានធ្វើឱ្យផ្លាស់ប្តូរ ដំណើរការ​របបអាហារ​ចូល​ទៅ​ក្នុង​​ខ្លួនរបស់មនុស្ស២យ៉ាង៖ ទី១ មេរោគអេដស៍​បានកាត់បន្ថយ​លទ្ធភាព​មនុស្ស​ក្នុង​ការទទួលយកសារធាតុចិញ្ចឹម។ ទី២ អ្នកផ្ទុកមេរោគអេដស៍ ចាប់ផ្តើម​បាត់​បង់​ទម្ងន់របស់សាច់ដុំ ច្រើនជាងជាតិខ្លាញ់ក្នុងខ្លួន។ នៅពេលដែលខ្លួនរបស់​មនុស្ស​បាត់បង់​ថាមពលដែលបានមកពីអាហារ នោះខ្លួន​មនុស្ស​នឹង​ប្រើប្រាស់​ថាមពល​ដែល​បាន​​មកពី​សាច់ដុំ​ជំនួស​វិញ។ មនុស្ស​ដែលមាន​សុខភាព​ល្អ ប្រើប្រាស់​សារធាតុ​ខ្លាញ់​សម្រាប់​ថាមពលបន្ថែម​នៅពេលដែលអាហារ​ដែលផ្ទុក​នៅ​ក្នុងខ្លួន​មនុស្ស​ត្រូវ​បាន​បាត់​បង់។ ការបាត់បង់សាច់ដុំដំបូងពិបាក​ក្នុងការកត់សម្គាល់ណាស់ ពីព្រោះ​សារធាតុ​ខ្លាញ់​ដែល​នៅ​ជុំ​វិញសាច់ដុំនៅដដែល។ សាច់ដុំកើតចេញពីប្រូតេអ៊ីន ដូចនេះវាសំខាន់​ខ្លាំង​ណាស់​សម្រាប់អ្នកផ្ទុកមេរោគអេដស៍​បរិភោគអាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់។ លើស​ពីនេះទៀត អ្នកផ្ទុកមេរោគអេដស៍​គួរតែទទួលទានសារធាតុកាបូអ៊ីដ្រាត ដោយសារក្នុងខ្លួនរបស់​គាត់ ​ប្រើប្រាស់​ថាមពលច្រើន ដើម្បីទប់ទល់នឹងមេរោគអេដស៍។ អាហារ​ថាមពល​ដូចជា បាយ នំបុ័ង ដំឡូង និងអាហារដែលមាន ជាតិខ្លាញ់ និងប្រេង ហើយ​ផ្តល់​​នូវថាមពលដែលបានមកពីសារធាតុស្ករ។ ប្រសិន​បើ​បុគ្គល​ម្នាក់​ដែល​មាន​ផ្ទុកមេរោគអេដស៍មិនបានទទួលអាហារថាមពលគ្រប់គ្រាន់ និងអាហារ​ដែលមាន​ប្រូតេអ៊ីនខ្ពស់ គាត់នឹងបាត់បង់សាច់ដុំសំខាន់ៗ ដែលធ្វើឱ្យខ្លួនប្រាណ​របស់គាត់​កាន់​តែចុះខ្សោយ និងពិបាកកាន់តែខ្លាំងក្នុងការទប់ទល់នឹងជំងឺ។
តើការប្រឹក្សាយោបល់បានចូលរួមចំណែកអ្វីខ្លះក្នុងការថែទាំ និងគាំទ្រអ្នក​ផ្ទុក​មេរោគ​អេដស៍ និងជំងឺអេដស៍?
ការផ្តល់ប្រឹក្សាយោបល់ ត្រូវបានចាត់ទុកថាមានសារៈសំខាន់ខ្លាំងក្នុងការថែ​រក្សា និងផ្តល់ការគាំទ្រដល់អ្នកដែលរស់នៅជាមួយមេរោគអេដស៍ និងជំងឺអេដស៍ ព្រម​ទាំង​ក្រុម​គ្រួសារ និងសហគមន៍​ដែលគាត់​​រស់នៅផងដែរ។ ការផ្តល់ប្រឹក្សាយោបល់ បាន​ផ្តល់នូវព័ត៌មាន និងចំណេះដឹងសំខាន់ៗ ដល់អ្នកដែលផ្ទុកមេរោគអេដស៍ផ្ទាល់ ក៏​ដូចជា​គ្រួសារ និងមិត្តភក្តិរបស់គាត់។ ការផ្តល់ប្រឹក្សាយោបល់ ផ្តល់ការគាំទ្រពីសង្គម និង​ចិត្តសាស្រ្ត ហើយការគាំទ្រនេះបានរកឃើញថា អាចជួយដល់អ្នកផ្ទុកមេរោគអេដស៍ក្នុង​ការជំនះ​ឧបសគ្គជាច្រើន​ និងយល់ដឹងពីវីធីសាស្រ្ត​ក្នុងការរស់​នៅវិជ្ជមាន​ ទោះបី​ជាមាន​ផ្ទុកមេរោគអេដស៍ក៏ដោយ។ ការផ្តល់ប្រឹក្សាយោបល់ក៏ជួយក្នុងការ​កាត់បន្ថយ​ការចម្លងរោគ​ទៅ​ដល់​អ្នកដទៃផងដែរ។

ប្រភព៖ បកប្រែពី “សៀវភៅជំនួយស្មារតីសម្រាប់គ្រូបង្រៀនស្តីពីការអប់រំរឿងផ្លូវភេទ” TARSHI

No comments

Powered by Blogger.