ផលវិបាកនៃការមានផ្ទៃពោះនៅវ័យក្មេង
ការមានគ្រួសារ គឺជារឿងមួយដែលស្រស់ថ្លា ហើយមនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បានគ្រួសារមួយប្រកបដោយសុភមង្គល។ ប៉ុន្តែដើម្បីឱ្យគ្រួសារមួយប្រកបដោយសុភមង្គលមនុស្ស គ្រប់ៗរូបត្រូវតែចេះរៀបចំផែនការគ្រួសារឱ្យបានច្បាស់លាស់ជៀងវាងនូវបញ្ហាណាមួយដែលអាចកើតមានឡើងដូចជា៖ ការមិនទាន់ត្រៀមខ្លួនធ្វើជាម្តាយឪពុកគេ ការកំណត់នៅចំនួនកូន និងសមត្ថភាពដែលអាចចិញ្ចឹមពួកគេបាន ។ល។ សម្រាប់គ្រួសារដែលនៅវ័យក្មេងត្រូវធ្វើការស្វែងយល់ ឱ្យបានច្បាប់លាស់មុននឹងសម្រេចចិត្តយកសមាជិកគ្រួសារថ្មី និងត្រូវធ្វើការពិនិត្រសុខភាព ឱ្យបានម៉ត់ចត់ ពីព្រោះវាអាចធ្វើឱ្យមានការប៉ះពាល់សុខភាពនៅពេលដែលមាតាមានផ្ទៃពោះនៅវ័យក្មេងពេក។ ម្យ៉ាងទៀតសម្រាប់យុវវ័យ នាពេលបច្ចុប្បន្ន ត្រូវតែចេះធ្វើការគិតពិចារណាឱ្យបានល្អិតល្អន់មុននឹងសម្រេចចិត្តធ្វើការរួមភេទជាមួយដៃគូររបស់ខ្លូន ពីព្រោះដើម្បីជៀងវាងការមានផ្ទៃពោះនៅវ័យក្មេងពេក។ ដូច្នេះ ហើយទើបយើងធ្វើការសិក្សាថា តើការមានផ្ទៃពោះនៅវ័យក្មេងពេកមានផលវិបាកអ្វីខ្លះ?
ការមានផ្ទៃពោះនៅមុនអាយុ ១៨ឆ្នាំ ត្រូវបានគេចាត់ទុកថា ការមានផ្ទៃពោះនៅវ័យក្មេង ហើយការមានផ្ទៃពោះនៅវ័យក្មេងពេកអាចបណ្តាលឱ្យស្ត្រីជាម្តាយមានបញ្ហាសុខភាពប៉ះពាល់ដល់ការសិក្សា ព្រោះជាវ័យកំពុងសិក្សា ហើយក៏ប៉ះពាល់ចំពោះការចិញ្ចឹមបីបាច់ថែរក្សា និងការលូតលាស់របស់ទារកផងដែរ។ ការមានផ្ទៃពោះ នៅវ័យក្មេងពេក ជារឿយៗកើតឡើងចំពោះស្ត្រីវ័យក្មេងដែលមិនបានទទួលព័ត៌មានត្រឹមត្រូវក្នុងការមានផ្ទៃពោះ និងមិនបានប្រើប្រាស់មធ្យោបាយពន្យារកំណើតឱ្យបានត្រឹមត្រូវ។ ចំពោះគូស្វាមីភរិយាដែលនៅវ័យក្មេងពេក គ្រួសាររបស់ពួកគេចង់ឱ្យកូនស្រីមានផ្ទៃពោះ ប៉ុន្តែពួកគេមិនបានដឹងថាការមានផ្ទៃពោះនៅវ័យក្មេងពេលអាចបង្កគ្រោះថ្នាក់ដល់ក្មេងស្រី និងកូនរបស់នាងនោះទេ។
ផលវិបាកនៅពេលសម្រាលដូដូចជា៖
• អាចអូសពេលវេលានៅពេលសម្រាល ព្រោះឆ្អឹងត្រគាក និងប្រដាប់ភេទតូចចង្អៀត (ឆ្អឹងនេះមិនទាន់លូតលាស់ពេញលេញ ដែលជាបញ្ហាប្រឈមនៅពេលកើត) ជួនកាលមានផលវិបាកមួយចំនួនដូចជា៖ ស្បូនអាចរហែក ហើយម្តាយនឹងស្លាប់ដោយ សារការបាត់បង់ឈាមច្រើន
• ក្បាលរបស់ទារកអាចធ្វើឱ្យប្រដាប់ភេទរហែក (ការរហែកនេះអាចបណ្តាលឱ្យឆ្លាក់ ឈាមខ្លាំង និងមានផលវិបាកដល់រន្ធទឺកនោម រន្ធគូទ ឬស្បូនរហែកទៅថ្ងៃក្រោយ)
• ស្ត្រីវ័យក្មេងមានឆ្អឹងត្រគាកតូចចង្អៀត មិនទាន់លូតលាស់ពេញលេញ ដែលជាបញ្ហាប្រឈមនៅពេលកើតជួនកាលក៏ចាំបាច់ត្រូវធ្វើការសម្រាលតាមវិធីវះកាត់ ប្រសិនបើការវះកាត់នេះធ្វើមិនទាន់ពេលនោះទេ ទារក នឹងម្តាយនឹងមានគ្រោះថ្នាក់ដល់ជិវិត។
ផលវិបាកដល់កូនដូចជា៖
• ទារកលូតលាស់មិនពេញលេញ អាចកើតមុនពេលកំណត់ ឬកើតមិនគ្រប់ទម្ងន់ អាចស្លាប់នៅពេលសម្រាលមិនរួច ឬនៅទីកន្លែងឆ្ងាយពីមន្ទីរពេទ្យដែលមិនអាចរកសេវាវះកាត់បាន។
ដូច្នេះហើយគូស្វាមីភរិយាដែលនៅកេ្មងត្រូវធ្វើការគិត និងចេះរៀបចំផែនការគ្រួសារថាត្រូវមានកូននៅពេលណា យកកូនប៉ុន្មាននាក់ របៀបនៃការថែក្សាកូនក្នុងផ្ទៃ ការចាក់ថ្នាំបង្ការ ការរកសេវាសម្រាលឱ្យបានត្រឹមត្រូវ ការបំបៅដោះកូន ការថែទាំកូន និងការចិញ្ចឹមកូន។ ម្យ៉ាងទៀតត្រូវតែធ្វើការប្រើប្រាស់នូវមធ្យោបាយពន្យាកំណើត និងធ្វើការពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ ដើម្បីប្រឹក្សាពីបញ្ហា ការមានផ្ទៃពោះ និងសេវាថែទាំសុខភាពណាមួយដែលសមស្របសម្រាប់សុខភាពខ្លូនឯងឱ្យបានត្រឹមត្រូវ។ ហើយយុវវ័យត្រូវតែធ្វើការស្វែង យល់ថាវ័យដែលអាចមានផ្ទៃពោះបានគឺចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ និងត្រូវមានទំនួលខុសត្រូវទាំងមុន និងក្រោយរៀបការចំពោះ ការមានកូន។ យុវវ័យត្រូវជៀសវាងការមានផ្ទៃពោះនៅវ័យក្មេងពេកអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ក្មេងស្រីជាម្តាយ និងកូនក្នុងផ្ទៃ ហើយយុវវ័យគ្រប់រូបត្រូវមានផែនការច្បាស់លាស់ពីការមានផ្ទៃពោះ៕

Leave a Comment