វដ្តជីវិតនៃមេរោគអេដស៍ និងជំងឺអេដស៍
តើមានអ្វីកើតឡើងនៅពេលមនុស្សម្នាក់បានឆ្លងមេរោគអេដស៍ដំបូងបំផុត?
នៅពេលដែលមនុស្សម្នាក់បានឆ្លងមេរោគអេដស៍ដំបូង វីរុសនឹងចាប់ផ្តើមវាយប្រហារកោសិកាCD4 និងបម្លែងរីកពាសពេញខ្លួនរបស់មនុស្សក្នុងរយៈពេលខ្លី។ នៅ ក្នុងអំឡុង ២ទៅ ៨សប្តាហ៍ដំបូង ប្រព័ន្ធភាពសុំានឹងតបតប្រឆំាងមកវិញ ហើយបុគ្គលដែលផ្ទុកនោះនឹងមានអារម្មណ៍ថាពួកគេមានជំងឺផ្តាសាយ។ ក្នុងរយៈពេល ៣សប្តាហ៍នៃការឆ្លងរោគ ប្រព័ន្ធភាពសុំាក្នុងខ្លួនរបស់មនុស្សបង្កើតបដិបក្ខប្រាណនៅក្នុងខ្លួន ដើម្បីប្រយុទ្ធនឹងវីរុស។ ភាគច្រើនការធ្វើតេស្តឈាមរកមេរោគអេដស៍អាចរកឃើញក្នុងអំឡុងពេលនេះ ហើយបុគ្គលម្នាក់ដែលរកឃើញថាមានផ្ទុកមេរោគអេដស៍ហើយនោះ គឺបានបង្ហាញថាអង្គបដិបក្ខប្រាណមាននៅក្នុងឈាមរបស់គេរួចទៅហើយ។
រយៈពេលចំហជាអ្វី?
ការធ្វើតេស្តឈាមរកមេរោគអេដស៍ មិនមែនរកមេរោគអេដស៍នៅក្នុងខ្លួននោះទេ ប៉ុន្តែគេរកអង្គបដិបក្ខប្រាណក្នុងខ្លួនមនុស្សដែលបង្កើតដោយប្រព័ន្ធភាពសុំារបស់មនុស្ស ដើម្បីប្រឆាំងនឹងមេរោគអេដស៍។ រយៈពេលចំហ គឺជារយៈពេលចន្លោះរវាងការឆ្លងមេរោគអេដស៍ចូលទៅក្នុងខ្លួនមនុស្សរហូតដល់ពេលដែលអាចរកឃើញអង្គបដិបក្ខនៅក្នុងខ្លួនមនុស្ស។ រយៈពេលនេះ អាចប្រែប្រួលពី មួយខែកន្លះ ទៅ៣ខែ។ ក្នុងអំឡុងពេលនេះ បុគ្គលនេះបានផ្ទុកមេរោគរួចហើយ និងអាចមានលទ្ធភាពចម្លងមេរោគទៅអ្នកដ៏ទៃបាន។ រយៈពេលដែលទើបឆ្លងដំបូង និងរយៈពេលដែលក្លាយទៅជាអ្នកជំងឺអេដស៍ លទ្ធភាពចម្លងទៅអ្នកដទៃទៀតមានកម្រិតខ្ពស់ណាស់។
តើបុគ្គលម្នាក់អាចដឹងថាខ្លួនឯងមានមេរោគអេដស៍ដោយរបៀបណា?
ជាទូទៅការធ្វើតេស្តឈាមរកមេរោគអេដស៍ គឺជាការរកអង្គបដិបក្ខប្រាណរបស់មេរោគអេដស៍នៅក្នុងខ្លួនមនុស្ស តាមរយៈឈាម។ ក្នុងរយៈពេលពីមួយខែកន្លះទៅ៣ខែនៃការឆ្លងមេរោគអេដស៍ទៅក្នុងខ្លួន ប្រព័ន្ធភាពសុំារបស់មនុស្សអាចបង្កើតអង្គបដិបក្ខប្រាណនៃមេរោគអេដស៍ក្នុងកម្រិតមួយដែលធ្វើឱ្យតេស្តមើលឃើញមេរោគអេដស៍បាន។ ប្រសិនបើក្នុងខ្លួនមនុស្សមានអង្គបដិបក្ខប្រាណ ការធ្វើតេស្តឈាមនោះ នឹងរកឃើញវិជ្ជមាន។ តេស្ត ELISA ( Enzyme Linked Immuno Sorben assay) ជាតេស្តដែលគេបានប្រើប្រាស់ទូទៅសម្រាប់ស្វែងរកអង្គបដិបក្ខប្រាណ។ ជាទូទៅបុគ្គលម្នាក់ត្រូវរង់ចាំរយៈពេលពី មួយខែកន្លះទៅ៣ខែក្នុងការធ្វើតេស្ត ដែលគេហៅថា រយៈពេលចំហ បន្ទាប់ពីបុគ្គលម្នាក់នោះមានអារម្មណ៍ថាខ្លួនគេបានរួមភេទដោយមិនមានសុវត្ថិភាព។ ប្រសិនបើបុគ្គលនោះមកធ្វើតេស្តក្នុងរយៈពេលចំហ វាមានការលំបាកក្នុងការស្វែងរកអង្គបដិបក្ខប្រាណនៃមេរោគអេដស៍ក្នុងខ្លួនមនុស្ស។ ហើយបុគ្គលម្នាក់នោះអាចនឹងបានលទ្ធផលអវិជ្ជមាន។ វាអាចជាលទ្ធផលដែលមិនអាចយកជាការបាន ពីព្រោះបុគ្គលនោះអាចឆ្លងមេរោគអេដស៍ ប៉ុន្តែតេស្ដមិនបានបង្ហាញថាគាត់មានមេរោគអេដស៍។ តេស្ត ELISA អាចចំណាយពេល ២ ទៅ៣ថ្ងៃ ដើម្បីទទួលលទ្ធផល ប៉ុន្តែមានតេស្តមួយផ្សេងទៀត ហៅថា «តេស្តរហ័ស» អាចផ្តល់លទ្ធផលក្នុងរយៈពេល ៣០នាទី។ តេស្តELISA និងតេស្ត Western Blot ក៏ត្រូវបានប្រើប្រាស់ដើម្បីធ្វើតេស្តបញ្ជាក់ឡើងវិញ។
តើមនុស្សម្នាក់ដែលផ្ទុកមេរោគអេដស៍អាចរស់នៅដោយសុខភាពល្អបានយ៉ាងដូចម្តេច?
ជាទូទៅ ការចេញរោគសញ្ញា(ធ្ងន់ធ្ងរ) របស់បុគ្គលម្នាក់ដែលមានផ្ទុកមេរោគអេដស៍ អាចចំណាយពេលប្រហែលពី ៨ទៅ ១០ឆ្នាំ។ ក្នុងអំឡុងពេលនេះពពួកវីរុសបានធ្វើឱ្យប្រព័ន្ធភាពសុំារបស់មនុស្សចុះខ្សោយ ប៉ុន្តែខ្លួនរបស់មនុស្សមានភាពខ្លាំងគ្រប់គ្រាន់ក្នុងការប្រឆាំងជំងឺឱកាសនិយមផ្សេងៗ។ បុគ្គលដែលមានផ្ទុកមេរោគអេដស៍អាចបន្តរស់នៅដោយសុខភាពល្អជាច្រើនឆ្នាំដោយសារការទទួលទានរបបអាហារគ្រប់គ្រាន់ ចៀសវាងការប្រើប្រាស់គ្រឿងញៀន ជាតិស្រវឹង ហើយប្រើប្រាស់ថ្នាំARV ឱ្យបានទៀងទាត់និងត្រឹមត្រូវតាមវេជ្ជបញ្ជា។
តើមនុស្សផ្ទុកមេរោគអេដស៍ម្នាក់អាចវិវត្តន៍ ទៅជាអ្នកជំងឺអេដស៍យ៉ាងដូចម្តេច?
ជំងឺអេដស៍កើតឡើងនៅពេលដែលមេរោគអេដស៍បំផ្លាញប្រព័ន្ធភាពសុំារបស់មនុស្ស ធ្វើឱ្យរាងកាយរបស់មនុស្សងាយរងគ្រោះដោយសារមេរោគផ្សេងៗទៀត និងលក្ខណៈសម្គាល់ទូទៅមួយទៀត គឺនៅពេលដែលកោសិកា CD4 ធ្លាក់ចុះនៅក្រោម២០០។ អ្នកដែលមានជំងឺអេដស៍អាចប្រឈមមុខខ្លាំងនឹងជំងឺឱកាសនិយមដូចជា ជំងឺរលាកសួត ជំងឺរបេង ឬមហារីក។ល។ មនុស្សម្នាក់ដែលផ្ទុកមេរោគអេដស៍ជាច្រើនឆ្នាំ ហើយមាន CD4 ធ្លាក់ចុះនៅក្រោម២០០ ក៏អាចនៅមានសុខភាពល្អដែរ។ ជាមួយនឹងការវិវត្តនៃការព្យាបាលដែលមានដូចជា ការព្យាបាលដោយថ្នាំប្រឆាំងនឹងវីរុស (ARV) និងជម្រើសនៃការធ្វើតេស្ត ធ្វើឱ្យជំងឺឱកាសនិយមជាច្រើនអាចព្យាបាលបាន ហើយអាចធ្វើឱ្យ CD4 កើនឡើង។
ប្រភព៖ បកប្រែពី “សៀវភៅជំនួយស្មារតីសម្រាប់គ្រូបង្រៀនស្តីពីការអប់រំរឿងផ្លូវភេទ” TARSHI


Leave a Comment