តើជំងឺអេដស៍ (AIDS) ជាអ្វី?
តើជំងឺអេដស៍ (AIDS) ជាអ្វី?
មានមូលហេតុជាច្រើនដែលជំងឺនេះត្រូវបានគេហៅថាអេដស៍ AIDS។ A តំណាងឱ្យ ពាក្យ Acquired មានន័យថាទទួល ពីព្រោះវាមិនមែនជាកត្តាហ្សែន ប៉ុន្តែវាជាជំងឺដែលឆ្លងតាមរយៈឈាម ឬការរួមភេទដោយមិនបានការពារ។ I តំណាងឱ្យ Immune មានន័យថាប្រព័ន្ធភាពសុំា ពីព្រោះវាធ្វើឱ្យ មានផលប៉ះពាល់ដល់ប្រព័ន្ធភាពសុំា។ D តំណាងឱ្យ Deficiency កង្វះ ពីព្រោះវាធ្វើឱ្យ ប្រព័ន្ធភាពសុំាចុះខ្សោយ។ S តំណាងឱ្យ Syndrome រោគសញ្ញា ពីព្រោះអ្នកដែលផ្ទុកមេរោគអេដស៍នឹងរងគ្រោះដោយសារជំងឺ និងការឆ្លងមេរោគនានាជាច្រើន។ មេរោគអេដស៍ធ្វើឱ្យរាងកាយរបស់មនុស្សចុះខ្សោយយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យជំងឺផ្សេងៗ អាចវាយប្រហារមកលើខ្លួនមនុស្ស ដែលត្រូវបានគេហៅថាជាជំងឺឱកាសនិយម ដូចជាជំងឺរបេង ជំងឺរលាកទងសួតជាដើម។
ការចាក់ថ្នាំ ការបញ្ចូលឈាម និងការប្រើប្រាស់ម្ជុលរួមគ្នាត្រូវបានគេរកឃើញថាជាកត្តាចម្បងនៃការចម្លងមេរោគអេដស៍តាមរយៈឈាម។ ការប្រើប្រាស់ម្ជុល និង /ឬ ស៊ឺរុំាងរួមគ្នាងាយឆ្លងមេរោគអេដស៍បំផុត។ នៅពេលដែលឈាមដែលមានមេរោគត្រូវបានបូមឈាមចេញពីម្ជុល ឬស៊ឺរុំាងហើយម្ជុល ឬស៊ឺរុំាងនោះត្រូវបានប្រើប្រាស់លើបុគ្គលម្នាក់ទៀត បុគ្គលម្នាក់នោះត្រូវបានបញ្ចូលឈាមដែលមានមេរោគអេដស៍ក្នុងខ្លួនរបស់គេ។ ចំពោះករណីដែលមានឈាមខ្ទៀតចេញមកប៉ះមុខ ឬភ្នែក មានកម្រិតទាបក្នុងការឆ្លងមេរោគអេដស៍។
មេរោគអេដស៍ឆ្លងនៅពេលដែលមនុស្សម្នាក់មានផ្ទុកមេរោគអេដស៍រួមភេទជាមួយមនុស្សម្នាក់ទៀតដោយមិនបានការពារ។ ឧទាហរណ៍ ការរួមភេទតាមទ្វារមាសដោយមិនបានការពារ គឺជាផ្លូវ ដែលចម្លងមេរោគអេដស៍ច្រើនជាងគេបំផុត។ ការរួមភេទតាមរន្ធគូថ រវាងមនុស្សប្រុស និងមនុស្សប្រុស ឬមនុស្សប្រុស និងមនុស្សស្រីងាយឆ្លងមេរោគអេដស៍។ ការរួមភេទតាមមាត់ (Oral sex) ក៏អាចឆ្លងមេរោគនេះបានដែរ ប៉ុន្តែមានអត្រាទាប ហើយកម្រ ខ្លាំងណាស់ លុះត្រាតែមានដំបៅ ឬដាច់រលាកមាត់។ ដោយឡែកចំពោះការថើប និងសកម្មភាពផ្លូវភេទដទៃទៀតដោយមិនមានការស៊កបញ្ចូលលិង្គ គឺមិនប្រឈមនឹងការឆ្លងមេរោគអេដស៍នោះទេ។
នៅពេលដែលមនុស្សម្នាក់បានឆ្លងមេរោគអេដស៍ដំបូង វីរុសនឹងចាប់ផ្តើមវាយប្រហារកោសិកាCD4 និងបំឡែងរីកពាសពេញខ្លួនរបស់មនុស្សក្នុងរយៈពេលខ្លី។ នៅក្នុងអំឡុង ២ទៅ ៨សប្តាហ៍ដំបូង ប្រព័ន្ធភាពសុំានឹងតបតប្រឆំាងមកវិញ ហើយបុគ្គលដែលផ្ទុកនោះនឹងមានអារម្មណ៍ថាពួកគេមានជំងឺផ្តាសាយ។ ក្នុងរយៈពេល ៣ខែនៃការឆ្លងរោគ ប្រព័ន្ធភាពសុំាក្នុងខ្លួនរបស់មនុស្សបង្កើត អង្គធាតុប្រឆាំងនៅក្នុងខ្លួនដើម្បីប្រយុទ្ធនឹងវីរុស។ ភាគច្រើនការធ្វើតេស្តស្វែងរកមេរោគអេដស៍អាចរកឃើញក្នុងអំឡុងពេលនេះ ហើយបុគ្គលម្នាក់ដែលរកឃើញថាមានមេរោគអេដស៍វិជ្ជមានហើយនោះ គឺបានបង្ហាញថាអង្គបដិបក្ខប្រាណមាននៅក្នុងឈាមរបស់គេរួចទៅហើយ។
ប្រភពអត្ថបទ៖ ដកស្រង់ពីសៀវភៅព័ណ៌ទឹកក្រូច៖ សៀវភៅលំហាត់សម្រាប់គ្រូបង្រៀន TASHI

Leave a Comment